×

Penana
search
Loginarrow_drop_down
Registerarrow_drop_down
Please use Chrome or Firefox for better user experience!
History of Khmer Newyears
History of Khmer Newyears
History of Khmer Newyears
មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្ប ​មាន​សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ “​ធម្មបាល​កុមារ”​ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស ​រៀន​ចេះចប់​ត្រៃវេទ​តាំងពី​អាយុ​បាន​៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាង​ប្រាសាទ​ឱ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ​ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ​ ធម្មបាល​កុមារ​នោះ​បាន​ចេះ​ទាំង​ភាសាបក្សី​ទាំង​ពួង ហើយ​បាន​ជា​អាចារ្យ​សម្ដែង​មង្គល​ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​។

គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អាន​ព្រះមហាព្រហ្ម និង​កបិល​មហាព្រហ្ម​១​អង្គ​ទៀត​ដែល​ជា​អ្នក​សម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង។
ពេល​នោះ​កបិលមហាព្រហ្ម​បាន​ជ្រាប​ព័ត៌មាន​ក៏​ចុះ​មក​សួរ​បញ្ហា​នឹង​ធម្មបាល​កុមារ​៣​ខ​ ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន ​នឹង​កាត់ព្រះសិរ​ទ្រង់​ដើម្បី​បូជា​ចំពោះ​ធម្មបាលកុមារ​ តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​សុំ​ឱ្យ​ពន្យារ​ពេល​ចំនួន​៧​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​នោះ។

លុះ​កន្លង​ទៅ​៦​ថ្ងៃ​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ​ ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹង​ត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហា​ព្រហ្ម​ជា​ប្រាកដ​ហើយ។ ដូច្នេះ​គួរ​តែ​រត់​ទៅ​លាក់​ខ្លួន​ពួន​អាត្មា​ឱ្យ​ស្លាប់​ដោយ​ខ្លួន​ឯង ​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅ​ក្រោម​ដើម​ត្នោត​មួយ​គូ។ ដើម​ត្នោត​នោះ​មាន​សត្វឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក​អាស្រ័យ​នៅ។ វេលា​យប់ ​ឥន្ទ្រី​ញី​សួរ​ឥន្ទ្រី​ឈ្មោល​ថា៖
«ព្រឹក​ស្អែក​យើង​បាន​អាហារ​ពី​ណា​ស៊ី?»
ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា៖
«យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ​ដែល​ត្រូវ​កបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ដោះ​ប្រស្នា​មិន​រួច!»

ឥន្ទ្រី​ញី​សួរ​ថា៖
«ប្រស្នា​នោះ​ដូច​ម្ដេច​?»
ឥន្ទ្រី​ឈ្មោល​ឆ្លើយ៖
«វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ទីណា​? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លុប​មុខ! ខ​១​ទៀត​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា​? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង! ខ​​១​ទៀត​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា​? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ហេតុ​នេះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង!»
ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ។

ព្រឹក​ឡើង​កបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ​ឆ្លើយ​ដោះស្រាយ​តាម​ដែល​បាន​ឮ​មក។ កបិលមហាព្រហ្ម​ក៏​ហៅ​ទេពធីតា​ទាំង​៧​អង្គ​ដែល​ជា​បាទ​បរិចាវិកា​ព្រះឥន្ទ្រ​មក​ដើម្បី​ប្រាប់​ថា៖
«ឥឡូវ​បិតា​ត្រូវ​កាត់ព្រះសិរ​ដើម្បីបូជាចំពោះ​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ភ្លៀង ​នោះនឹងរាំង ​បើ​ចោលក្នុង​មហាសមុទ្រ​នោះទឹកនឹង​រីង​ស្ងួត​ហួត​អស់! ដូច្នេះ​សូម​ឱ្យ​បុត្រី​ទាំង​៧​អង្គ​​យកពាន​មក​ទទួលព្រះសិរបិតា!»

ថា​ហើយ​ព្រះអង្គក៏​កាត់ព្រះសិរ​ហុច​ទៅ​ឱ្យ​ព្រះនាង​ទុង្សា​ជា​កូន​ច្បង។ ព្រះនាង​ទុង្សា​ក៏​បាន​យក​ពាន​មក​ទទួលព្រះសិរ​បិតា រួច​ហែ​ប្រទក្សិណ​​ភ្នំព្រះសុមេរុ​៦០​នាទី ទើប​អញ្ជើញ​ទៅ​ប្រតិស្ឋាន​ទុក ក្នុង​មណ្ឌល​​នៅ​ក្នុង​គុហា​គន្ធមាលី ភ្នំកៃលាស បូជា​គ្រឿង​ទិព្វ​ផេ្សងៗ។ ព្រះវិស្សកម្មទេវបុត្រ​ក៏​និមិត្ត​រោង​ទិព្វធ្វើ​ពី​កែវ​៧​ប្រការ ឈ្មោះ​ថា “ភគ វតីសភា” ឱ្យ​ជា​ទីប្រជុំ​នៃ​ទេវតាលុះ​ដល់​គម្រប់​១​ឆ្នាំ​ជា សង្ក្រាន្ត​ត​នាង​ទេពធីតា​ទាំង​៧​ក៏​ផ្លាស់​វេន​គ្នា មក​អញ្ជើញ​ព្រះសិរ​កបិល​មហា​ព្រហ្ម​ចេញ​មក​ហែ​ប្រទក្សិណ​ភ្នំ​ព្រះសុមេរុ​ជា​រៀងរាល់​ៗ​ឆ្នាំ​ ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​ដើម្បី​តម្កល់​វិញ។

ឈ្មោះ​ទេពធីតា​មហាសង្ក្រាន្ត និង​គ្រឿង​អាភរណៈ៖
-ថ្ងៃ​អាទិត្យ ទុង្សា​ទេវី​ សៀតផ្កាទទឹម គ្រឿង​ប្រដាប់​បទុមរាគ សោយ​ផ្លែឧទុម្ពរ អាវុធ​ស្កាំ​កងចក្រ ឆ្វេងស័ង្ខ ពាហនៈ គ្រុឌ។
-ថ្ងៃចន្ទ គោរាគ​ទេវី​ សៀតផ្កាអង្គាបុស្ស គ្រឿង​ប្រដាប់​បុក្តា សោយ​ប្រេង អាវុធស្តាំព្រះខ័ន ឆ្វេង​ឈើច្រត់ ពាហនៈ ខ្លា។
-ថ្ងៃអង្គារ គោរាក្សសា​ទេវី​ សៀតផ្កាឈូក គ្រឿងប្រដាប់មោរា សោយ​លោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ ពាហនៈ អស្សតរ។
-ថ្ងៃ​ពុធ មណ្ឌា​ទេវី​ សៀតផ្កាចម្ប៉ា គ្រឿង​ប្រដាប់​ពិទូរ្យ សោយ​ទឹក​ដោះ​សិប្បី អាវុធ​ស្ដាំ​ម្ជុល​ ឆ្វេង​ឈើ​ច្រត់ ពាហនៈ ​លា។
-ថ្ងៃ​ព្រហស្បតិ៍ កិរិណី​ទេវី​ សៀត​ផ្កា​មណ្ឌា គ្រឿង​ប្រដាប់​មរកត សោយ​សណ្ដែក ល្ង អាវុធ​ស្ដាំ​កង្វេរ​ ឆ្វេង​កាំភ្លើង ពាហនៈ ដំរី។
-ថ្ងៃសុក្រ កិមិរា​ទេវី​ សៀតផ្កា ចង្កុលនី គ្រឿង​ប្រដាប់​បុស្សរាគម​ សោយ​ចេក​ណាំវ៉ា អាវុធ​ស្ដាំ​ព្រះខ័ន​ ឆ្វេង​ពិណ ពាហនៈ ក្របី។
-ថ្ងៃ​សៅរ៏ មហោទរា​ទេវី​ សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ សោយ​សាច់​ទ្រាយ អាវុធ​ស្ដាំ​កងចក្រ ឆ្វេង​ត្រីសូល៍ ពាហនៈ ក្ងោក។

ទំនៀម​ចូល​ឆ្នាំ
ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន​៣​ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២​ជាថ្ងៃ​វារៈ​វន័បត ថ្ងៃ​ទី​៣​ជា​ថ្ងៃ​ឡើង​ស័ក។ ឯ​ការ​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​យ៉ាង​ទៀង​ទាត់ ដោយ​អាស្រ័យ​តាម​ក្បួន​ហោរាសាស្ត្រ​បែប​បុរាណ​គឺ​ក្បួន​មហាសង្ក្រាន្ត​នេះ​ឯង។

​ចាប់​ពី​ត្រឹម​សម័យ​ក្រុង​នគរធំ​ឡើង​ទៅ​ ខ្មែរ​យើង​ប្រើ​ចន្ទគតិ (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​កំណត់​យក​ខែ​មិគ​សិរ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែ​ទី​១ ខែកក្តិក ជា​ខែ​ទី១២​។ លុះ​ក្រោយ​មក​ទើប​គេ​និយម​ប្រើ​សុរិយ​គតិ (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ជា​សំខាន់​វិញ​ ហើយ​កំណត់​ចូលឆ្នាំ​ក្នុង​ខែ​ចេត្រ (ខែ​ទី​៥) ដែល​ជា​ឆ្នាំ​កំណត់​ព្រះអាទិត្យ​ចូល​កាន់​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំ​រមែង​ត្រូវ​លើ​ថ្ងៃ​ទី១៣ ​ខែ​មេសា (ចេត្រ) រៀង​រាល់​ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃ​ទី​១៤ ក៏​មាន​ខ្លះ​ដែរ។

​សម្រាប់​រណ្ដាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រហូត​មក ត្រូវ​រៀប​រាន​ទទួល​ទេតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការ​បូជា​​ទេវតា​មាន​ជា​អាទិ៍ បាយ​សី​៩​ថ្នាក់​មួយ​គូ បាយ​សី​៧​ថ្នាក់​មួយ​គូ បាយ​សី​៥​ថ្នាក់​មួយ​គូ​ បាយ​សី​៣​ថ្នាក់​មួយ​គូ បាយ​សី​ប៉ា​ឆាម​មួយ​គូ​ ស្លាធម៌​មួយ​គូ ទឹក​អប់​មួយ​គូ ទៀន​៥​ ធូប​៥ លាច​៥ ផ្កា​៥ ដាក់​លើ​ជើង​ពាន​១​គូ ចេក​នួន ចេក​នាំវ៉ា​ដាក់​លើ​ជើង​ពាន​មួយ​គូ ផ្លែ​ឈើ​១១​មុខ រៀបដាក់​ជើង​ពាន​១១​គូ ដូង​ឡៅ​មួយ​គូ ទឹក​ស្អាត​ពីរ​កែវ។

ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួប​ប្រជុំ​គ្រួសារ​​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​នមស្សការ​ព្រះ​រតនត្រ័យ​សមាទាន​សីល ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ​ ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង តម្កល់​ចិត្ត​រំពឹង​ គិត​ទៅ​លើ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ​ជា​ទី​ពឹង​ទី​រឭក លុះ​ចប់​ពិធី​ទទួល​ទេវតា។

ឯ​ពិធី​៣​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ៖
ថ្ងៃ​ទី​១៖
គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត។ ពេល​ល្ងាច​គេ​នាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំ​វិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើន ព្រះបរិត្ត និង​សម្ដែង​ធម្ម​ទេសនា។

ថ្ងៃ​ទី​២ ៖
កូនចៅ​ជូន​សម្លៀក​បំពាក់ នំ​ចំណី​ លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម។ ជួន​កាល​គេ​ធ្វើ​ទាន​ដល់​មនុស្ស​បម្រើ ឬ​អ្នក​ក្រីក្រ​ទៀត​ផង។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រ​ធម៌​អធិស្ឋាន​ភ្នំ​ខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមណីចេតិយ​ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​បង​ប្អូន​ដែល​បាន​ស្លាប់​ទៅ។

ថ្ងៃទី៣ ៖
ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ)។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កម្សាន្ត​សប្បាយ​ជា​ច្រើន ដូច​ជា​លេង​បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅ​ខេត្ត​បាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូល​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កម្សាន្ត​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។

វាលុកចេតិយ
ពាក្យ​សាម​ញ្ញ​ហៅ​ថា «ពូន​ភ្នំ​ខ្សាច់»​។ ការ​ពូន​ភ្នំនេះ ​គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កណ្ដាល​ទីធ្លា​ដែល​គេ​បាន​កំណត់ រួច​ពូន​ឱ្យ​ចេញ​ជា​រាង​ចេតិយ​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​គេ​សន្មត​ហៅ​ថា «វា​លុក​​ចេតិយ» គឺ​តំណាង​ឱ្យ​ព្រះ​ចូឡាមណីចេតិយ​ដែល​សាង​សម្រាប់​​បញ្ចុះ​ព្រះកេសា និង​ព្រះ​ចង្កូម​កែវ​នៃ​ព្រះ​ពុទ្ធ​បរមគ្រូ​។ ការ​ពូន​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយម​ពូន​ភ្នំ​អង្ករ​នៅ​សាលា​​ឆាន់ ឬ​ក្នុង​ព្រះ​វិហារ​ផង​ដែរ។ ភ្នំ​ខ្សាច់​ដែល​គេ​ពូន​មិន​មាន​កំណត់​ថា ត្រូវ​មាន​ខ្នាត​តូច​ខ្ពស់​ទាប​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​អ្នក​សាង។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​ភ្នំ​មួ​យ​នៅ​កណ្ដាល ហើយ​ត្រូវ​មាន​ភ្នំ​តូច​ៗ ៤​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​តូច​ទាំង​៤​។ នៅ​ជុំ​វិញ​ភ្នំ​ គេ​មាន​ធ្វើ​រាជ​វ័ត តុប​តែង​លំអ​ស្លឹក​ដូង ស្លឹក​រំសែ​ជា​បួន​ជ្រុង​មាន​ទ្វារ​ចេញ​ចូល​តាម​ទិស​ធំ​ទាំង​៤​។

នៅ​ជុំវិញរាជ​វ័ត គេ​មាន​រៀប​រាន​ទេវតា​គ្រប់​ទិស​ទាំង​៨។ នៅ​លើ​រាន​ទេវតា​នីមួយៗ ​គេ​រៀប​ស្លាធម៌​មួយ​គូ ​បាយ​សី​១​ថ្នាក់​មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ​។ នៅ​ពី​មុខ​ភ្នំ​ខ្សាច់​ក្រៅ​រាជវ័ត ​គេ​រៀប​រាន​ធំៗ​បី​ទៀត​សម្រាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅ​កណ្ដាល​ខាង​ឆ្វេង​រាន​ព្រះ​យម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះ​ពិស្នុ​ការ។ រាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់​៩​ថ្នាក់ និង​មាន​ដាក់​សម្លៀកបំពាក់​ឆ្វេង​ស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អា​និសង្ស​វាលុកចេតិយ» មហា​សំការ​សូត្រ។

ព្រះ​បរមសាស្តា​ ទ្រង់​បាន​សម្ដែង​អំពី​អានិសង្ស​ដែល​បាន​កសាង​បុណ្យ​កុសល​ក្នុង​ឱកាស​ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ដោយ​ពិស្ដារ​ថា អ្នក​ដែល​បាន​ផ្ងូត​ទឹក​​ឱ្យ​មាតាបិតា​គ្រូ​ឧបជ្ឈាយាចារ្យ ឬ​ព្រះ​សង្ឃ​ក្នុង​ឱកាស​សង្ក្រាន្ត​នោះ រមែង​ជា​ស្ដេច​ម្ចាស់​ផែន​ដី​មាន​រិទ្ធិ​ដ៏​មហិមា សំបូរ​ដោយ​រតនៈ​៧ប្រការ ដេរ​ដាស​ដោយ​ពពួក​នាង​នារី​សឹង​មាន​រូបឆោម​ដ៏​ល្អ និង​សំបូរ​ដោយ​ចតុរង្គសេនា ជា​អ្នក​បាន​នូវ​សេចក្តី​សុខ​គ្រប់​យ៉ាង។

មាន​រឿង​និទាន​ផ្សេង​ៗ​ហៅថា «អានិសង្ស​វាលុកចេតិយ» ជា​រឿង​ដែល​គេ​តែង​ជា​ភាសាខ្មែរ​មក​យូរ​ ហើយ មាន​ចំនួន​១​ខ្សែ សម្ដែង​​អំពី​ការ​សាង​វាលុកចេតិយ​ថា មាន​ផល្លានិសង្ស​ជា​អនេកប្បការ​វេលាឆ្លង​វាលុក​ចេតិយ​ គេ​ច្រើន​យក​រឿង​នេះ​ទេសន៍​។ ក្នុង​រឿង​អានិសង្ស​វាលុក​ចេតិយ​នោះ នាំ​និទាន ៣​ រឿង​មក​ប្រកប​ជា​ឧទាហរណ៍៖

និទាន​ទី​១
ដំណាល​ពី​ព្រះពោធិសត្វ នាម​បារិក​ជា​អ្នក​ឈ្មួញ​សំពៅ នា​សម័យ​មួយ​បារិក​បើក​សំពៅ​ទៅ​ជួញ​បាន​ប្រទះ​ឃើញ​ផ្នូក​ខ្សាច់​ស​ល្អ​នៅ​តាម​ឆ្នេរ​សមុទ្រ ក៏​បបួល​ពួក​ពាណិជ្ជ​ដែល​ទៅ​ជួញ​ជាមួយ​គ្នា​បើក​សំពៅ​ឆៀង​ចូល​ចត​នៅ​ទៀប​ផ្នូក​ខ្សាច់​នោះ ហើយ​នាំ​គ្នា​ក​ជា​វាលុកចេតិយ​ឧទ្ទិស​ជា​តំណាង​ចូឡាមណី​ចេតិយ​ដែល​បញ្ចុះ​ព្រះ​ចង្កូម​កែវ​របស់​ព្រះពុទ្ធ អំពី​បុណ្យ​សឹង​បុរាណ​សឹង​ប្រតិស្ឋាន​នៅ​ឋាន​ត្រៃត្រឹង្ស​ទេវលោក ស្រេច​ហើយ​ពួក​ពាណិជ្ជ​ទាំង​នោះ​ក៏​បេះ​យក​ផ្កា​ឈើ​មក​បូជា ដើរ​ប្រទក្សិណ​៣​ជុំ ហើយ​នាំ​គ្នា​ចុះ​សំពៅ​បើក​ចេញ​ទៅ​ជួញ​ត​ទៅ​ទៀត​។

បារិក​ពោធិសត្វ និងពួកឈ្មួញ​អម្បាល​នោះ​លុះ​រំលាយ​ខន្ធ​ទៅ ហើយ​បាន​ទៅ​កើត​ជា​ទេវបុត្រ​នៅ​ស្ថាន​សួគ៌​ជា​ច្រើន​ជាតិ។ លុះ​ច្យុត​ពី​សួគ៌​​ក៏​កើត​ក្នុង​មនុស្ស​លោក​បាន​ជា​ស្ដេច​ឯករាជ្យ​ជា​ច្រើន​ជាតិ​ និង​ត្រា​រាប់​ពុំ​បាន​ឡើយ ក្នុង​ទី​បំផុត បារិក​ពោធិ​សត្វ ក៏​បាន​ត្រាស់​ជាព្រះពុទ្ធ​ដោយ​អំណាច​ផល្លានិសង្ស​ដែល​បាន​សង់​វាលុកចេតិយ។

និទាន​ទី​២
តំណាល​ពី​នាយ​ មាន​អ្នក​នេសាទ​ម្នាក់​ (មិន​ប្រាកដ​ឈ្មោះ) នាយ​នេសាទ​នោះ​ធ្វើ​តែ​បាប​សម្លាប់​សត្វ​បរិភោគ​តាំងពី​តូច​រហូត​ដល់​ចាស់ មិន​ដែល​បាន​ធ្វើ​បុណ្យ​ដល់​ម្ដង​សោះ។ នា​ថ្ងៃ​មួយ មាន​ភិក្ខុ​សង្ឃ​ ១​អង្គ​នឹក​អាណិត​នាយ​នេសាទ​ខ្លាំង​ណាស់ ក៏​គិត​រក​ឧបាយ​ឱ្យ​បាន​សាង​បុណ្យ​កុសល​ខ្លះ។ លុះ​គិត​ដូច្នេះ លោក​ក៏​ឃ្លុំ​ចីវរ​កាន់​បាត្រ​ដើរ​ទៅ​រង់​ចាំ​ផ្លូវ​នាយ​នេសាទ។ ថ្ងៃ​នោះ​វេលា​ព្រឹក នាយ​នេសាទ​លី​លំពែង​១ និង​ពុន​បាយ​១​កញ្ចប់​ចេញ​ទៅ​ព្រៃ ដើម្បី​ស្វែងរក​សត្វ​មក​ចិញ្ចឹម​ជីវិត​ដូច​កាល​សព្វ​ដង។

ដំបូង​នាយ​នេសាទ​ប្រកែក​ដាច់​ថា មិន​ព្រម​ប្រគេន តែ​ភិក្ខុ​នោះ​ចេះ​តែ​ទទូច​សុំ​អត់​មិន​បាន ក៏​រំលែក​បាយ​១​ពំនូត​ប្រគេន។ ក្រោយ​មក កាល​នាយ​នេសាទ​រំលាយ​ខន្ធ​ស្លាប់​ទៅ ត្រូវ​ពួក​យមបាល​​យក​ខ្លួន​ទៅ​សួរ​យក​ចម្លើយ​អំពី​រឿង​កាល​នៅ​មនុស្ស​លោក​នោះ​បាន​ធ្វើ​បុណ្យ​ខ្លះ​ដែរ​ឬ​ទេ? នាយ​នេសាទ​តប​ថា៖
«មិន​បាន​ធ្វើ​បុណ្យ​អ្វី ធ្វើ​តែ​បាប​តាំង​ពី​តូច​មក!»

ពួក​យមបាល​ក៏​នាំ​គ្នា​ចាប់​បោះ​ទៅ​ក្នុង​រណ្ដៅ​ភ្លើង​នរក តែ​មិន​ឆេះ ត្រលប់​ជា​ខ្ទាត​ចេញ​មក​វិញ។ យមបាល​នឹក​ឆ្ងល់ ក៏​សួរ​បញ្ជាក់​ថែម​ទៀត ទទួល​នាយ​នេសាទ​ក្រលេក​ទៅ​ឃើញ​អណ្ដាត​ភ្លើង​មាន​សម្បុរ​ដូច​ចីវរ​លោក​សង្ឃ ក៏​នឹក​ឃើញ​ដល់​ទាន​ដែល​ខ្លួន​បាន​ធ្វើ ទើប​ឆ្លើយ​ថា៖ «កាល​នៅ​មនុស្ស​លោក​បាន​ធ្វើ​ទាន​បាយ​មួយ​ពំនូត​ដល់​ភិក្ខុ​១​អង្គ​ដែរ!»

ពួក​យមបាល​ប្រាប់​ថា៖
«បើ​ដូច្នេះ អ្នក​ឯង​ត្រូវ​ទៅ​កើត​ឯ​ស្ថាន​សួគ៌​មួយ​អាទិត្យ លុះ​ដល់​ថ្ងៃ​ទី​៨ យើង​នឹង​យក​ខ្លួន​មក​ឱ្យ​ទទួល​ ទោស​នៅ​ឋាននរក​នេះ​វិញ!»
ក្នុង​មួយ​រំពេច​នោះ វិញ្ញាណ​របស់​នាយ​នេសាទ ក៏​បាន​ទៅ​កើត​​ឯ​ស្ថាន​សួគ៌​ឈ្មោះ​ថា អន្នំលោកង្សិន៍​ទេវបុត្រ មាន​ទំហំ​១២​យោជន៍ បរិបូរណ៍​ទៅ​ដោយ​សម្បត្តិ និង​ស្រី​ទេព​កញ្ញា​បម្រើ​ត្រៀបត្រា​ មាន​នាង​សុវណ្ណ​ឱរៃ​ជា​ទេពី។ អន្នំ​លោកង្សិន៍​ទេវ​បុត្រ​សោយ​សម្បត្តិ​មក​បាន​៦​ថ្ងៃ នឹក​ឃើញ​ដល់​បណ្ដាំ​យមបាល ក៏​កើត​សេចក្ដី​ទុក្ខ​ទោមនស្ស​ពន់​ប្រមាណ ហើយ​ចូល​ទៅ​ដេក។ នាង​សុវណ្ណ​ឱរៃ​ឃើញ​ដូច្នេះ ក៏​ចូល​ទៅ​សួរ អន្នំលោកង្សិន៍​ទេវបុត្រ​ក៏​រ៉ាយរ៉ាប់​រឿង​ប្រាប់​តាំង​អំពី​ដើម​រហូត​ដល់​ចប់។

នាង​សុវណ្ណឱរៃ​លួងលោម​ថា៖
«បើ​ដូច្នោះ សូម​ព្រះ​អង្គ​កុំ​ជា​ទុក្ខ​ទោមនស្ស​ឡើយ ត្បិត​ព្រះពុទ្ធ​សម្ដែង​ថា ​ទោះ​អ្នក​ណា​ធ្វើ​បាប​ អម្បាល​ម៉ាន​ក្តី បើ​ចង់​ឱ្យ​រួច​អំពី​កម្មពៀរ​ដែល​ខ្លួន​ធ្វើ​ហើយ គប្បី​សាង​វាលុក​ចេតិយ​ធ្វើ​បុណ្យ​ឆ្លង​ ហើយ​នឹង​រួច​អំពី​កម្មពៀរ​នោះ​ហោង! ហេតុ​នេះ​សូម​ព្រះ​អង្គ​ធ្វើ​តាម​ព្រះពុទ្ធ​បន្ទូល​នេះ​ចុះ ទៀង​ជា​ដោះ​រួច​ចាក​កម្មពៀរ​ជា​មិន​ខាន!»

អន្នំលោកង្សិន៍​​ទេវបុត្រ​បាន​ឮ​ដូច្នោះ ក៏​សោមនស្ស​ទើប​ចាត់ការ​សាង​វាលុកចេតិយ និង​ធ្វើ​បុណ្យ​ឆ្លង​ហើយ​ស្រេច​ក្នុង​រវាង​៧​ថ្ងៃ​នោះ​ឯង​។ លុះ​ដល់​ថ្ងៃ​ទី​៨ វេលា​ព្រឹក​ព្រហាម ពួក​យមបាល​ក៏​ទៅ​ដល់​ស្រែក​ហៅ​រក​ខ្លួន​អន្នំលោកង្សិន៍​ទេវបុត្រ​ឱ្យ​ចេញ​មក។ គ្រា​នោះ​អន្នំលោកង្សិន៍​ទេវបុត្រ​គេច​មុខ​ចេញ​ នាង​សុវណ្ណ​ឱរៃ​ចេញ​មក​ទទួល។ និយាយ​ជា​សំណួរ​តប​យមបាល​ថា៖
«យើង​មិន​ព្រម​បើក​ឱ្យ​ស្វាមី​យើង​ទៅ​ទេ! ព្រោះ​ស្វាមី​យើង​បាន​សាង​វាលុក​ចេតិយ និង​ធ្វើ​បុណ្យ​ឆ្លង​រួច​ហើយ បាប​កម្ម​ទាំង​ពួង​ក៏​ជ្រះ​អស់​អំពី​ខ្លួន​ហើយ តែ​បើ​នៅ​តែ​ត្រូវ​ការ​យក​ខ្លួន​ទៅ​ធ្វើ​ទោស ក៏​ចូរ​រាប់​ខ្សាច់​១​ពែង​នេះ បើ​រាប់​អស់​ទើប​យក​ទៅ​បាន!»

យមបាល​តប​ថា៖
«មិន​ក្រ​អ្វី​ទេ​ត្រឹម​ការ​រាប់​ខ្សាច់​១​ពែង​ប៉ុណ្ណោះ!»
ហើយ​ក៏​នាំ​គ្នា​រាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់។ គ្រាប់​ខ្សាច់​ដែល យក​ចេញ​អំពី​ពែង​រាប់​ដាក់​ទៅ​ខាង​ក្រៅ​ទៅ​ជា​គំនរ​យ៉ាង​ធំ​កម្ពស់​ស្មើ​ចុង​ត្នោត តែ​គ្រាប់​ខ្សាច់​​ក្នុង​ពែង​គង់​នៅ​ដដែល គ្មាន​ស្រក​ស្រុត​ទៅ​ណា​សោះ។ ពួក​យមបាល​ទាល់​ចំណេះ​នឹង​រាប់ ហើយ​ក៏​នាំ​គ្នា​ត្រលប់​ទៅ​យម​លោក​វិញ។

ចំណែក​អន្នំ​លោក​ង្សិន៍​ទេវបុត្រ​បាន​នៅ​សោយ​សម្បត្តិ​ក្នុង​ទេវ​លោក​អស់​កាល​អង្វែង​ត​មក​ទៀត មិន​បាន​ទៅ​សោយ​ទុក្ខ​ក្នុង​នរក ដូច​ដែល​យម​បាល​កំណត់​ទុក​នោះ​ទេ។ ទាំង​នេះ​ក៏​ដោយ​អំណាច​ផល្លានិសង្ស​ដែល​បាន​សាង​វាលុកចេតិយ និង​ធ្វើ​បុណ្យ​ឆ្លង​ដូច​ពោល​ហើយ។

និទាន​ទី​៣
តំណាល​កាល​ពី​រឿង​ចៅ​កម្ជិល​ខ្សាច់ ថា​មាន​ក្មេង​ម្នាក់​ចេះ​តែ​ទៅ​ក​ភ្នំ​ខ្សាច់​នោះ​រាល់​ៗ​ថ្ងៃ ប្រលាក់​ទៅ​ដោយ​ដី​ខ្សាច់​ប្រលូស​តែ​រាល់​ថ្ងៃ ទាល់តែ​គេ​ហៅ​ថា «ចៅ​កម្ជិល​ខ្សាច់»។ នា​ថ្ងៃ​មួយ ព្រះ​ឥន្ទ្រ​បើក​ទិព្វចក្ខុ​មើល​ឃើញ​ចៅ​កម្ជិល​ខ្សាច់​ពូន​ភ្នំ​ដូច្នោះ ក៏​ចាត់​ឱ្យ​នាង​ទេពធីតា​១​អង្គ​ចុះ​មក​ធ្វើ ជា​ប្រពន្ធ​ចៅ​កម្ជិល​ខ្សាច់។

ដំបូង​ចៅ​កម្ជិល​ខ្សាច់​ប្រកែក​មិន​ព្រម​យក​ដោយ​ថ្លែង​ថា ខ្លួន​នៅ​ក្មេង​ណាស់ មិន​ទាន់​ចេះ​រក​ស៊ី​ចិញ្ចឹម​ នាង​ទេពធីតា​ទើប​ទៅ​រក​ម្ដាយ​ឪពុក​ចៅ​កម្ជិល​ខ្សាច់​ថ្លែង​ប្រាប់​ថា ខ្លួន​ជា​ទេពធីតា ព្រះឥន្ទ្រ​ប្រើ​ឱ្យ​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ​ចៅ​កម្ជិល​ខ្សាច់។ មាតាបិតា​ឃើញ​នាង​ទេពធីតា ក៏​ពេញ​ចិត្ត​ ដោយ​នាង​មាន​រូប​ឆោម​ល្អ ទើប​សំណេះ​សំណាល​លួង​លោម​ចៅ​កម្ជិល​ខ្សាច់ ទាល់​តែ​ព្រម​យក។ ចៅ​កម្ជិល​ខ្សាច់​តាំង​ពី​បាន​នាង​ទេពធីតា​ជា​ប្រពន្ធ​ហើយ ខ្លួន​ប្រាណ​ក៏​ស្អាតបាត ផូរផង់ ល្អ​ជាង​ពី​មុន​មក​ឆ្ងាយ​ណាស់​ដោយ​នាង​ទេពធីតា​ជួយ​ថែ​សម្អាត ទាំង​សមរម្យ​គ្នា​នឹង​ប្រពន្ធ​នោះ​ណាស់ ទាល់តែ​ល្បី​កេរ្តិ៍ឈ្មោះ​ទៅ​ថា ចៅ​កម្ជិល​ខ្សាច់ បាន​នាង​ទេពធីតា​ជា​ភរិយា​ល្អ​សម​គ្នា​ណាស់។

គ្រា​នោះ​ពួក​មន្ត្រី​សេនាបតី​ជា​ដើម ក៏​បាន​ទៅ​ពិនិត្យ​មើល​ឃើញ​ដូច​ពាក្យ​គេ​តំណាល។ ទទួល​វេលា​នោះ ស្តេច​ផែនដី​សុគត គ្មាន​អ្នក​ទទួល​រាជ​សម្បត្តិ​គ្រប់គ្រង​ផែន​ដី គេ​គិត​ឃើញ​ថា ចៅ​កម្ជិល​ខ្សាច់​សម​គួរ​ជា​ព្រះរាជា​ម្ចាស់​ផែនដី។ ក្រោយ​នោះ​គេ​ក៏​ធ្វើ​ការ​ផ្សង​បុស្បុក​រក​អ្នក​មាន​បុណ្យ​ធ្វើ​ជា​ម្ចាស់​ផែនដី។ បុស្បុក​ក៏​ទៅ​ត្រូវ​លើ​ចៅ​កម្ជិល​ខ្សាច់ គេ​ទើប​នាំ​គ្នា​អញ្ជើញ​ទៅ​ឱ្យ​សោយរាជ្យ​ ព្រម​ទាំង​នាង​ទេពធីតា។ ផល​ដែល​ជា​ទិដ្ឋ​ធម្ម​វេទនីយ​ដូច្នេះ លោក​ថា​បាន ដោយ​ហេតុដែល​បាន​ពូន​ភ្នំ​ខ្សាច់​នោះ​ឯង។ កាល​កើត​មាន​រឿង​សម្ដែង​អំពី​អានិសង្ស​នៃ​ការ​សាង​វាលុកចេតិយ ដូច្នេះ​ហើយ​ខ្មែរ​យើង​បាន​ដឹង​រឿង​ទាំង​នេះ​ហើយ ក៏​កើត​សេចក្ដី​ជឿ និង​ជ្រះ​ថ្លា ទើប​បាន​នាំ​គ្នា​សាង​វាលុកចេតិយ​ជាប់​ជា​បវេណី​ដរាបមក​ដល់​បច្ចុប្បន្ន​កាល។

​បំបួស​ភ្នំ
លោក​អាចារ្យ​សូត្រ​ធម៌​ អធិដ្ឋាន​វាលុកចេតិយ​ឱ្យ​តំណាង​ព្រះ​ចូឡាមណី​ចេតិយ រួច​យក​កំណត់​ប្រវែង​ប្រមាណ​មួយ​ម៉ែត្រ​កន្លះ​ទៅ​ពានា​ពាក់​ឆៀង​ព្រះចេតិយ​ដែល​តាម​សម្ដី​អ្នក​ស្រុក​ហៅ​ថា​ «បំបួសភ្នំ»​។ ក្នុង​ឱកាស​នោះ​ដែរ ព្រះ​សង្ឃ​សូត្រ​ធម៌​ចំរើន​ព្រះបរិត្ត​នៅ​សាលាធម្ម​ដោយ​បន្ត​អំបោះ​មក​ដល់​ភ្នំ​ទាំង​អស់។ ភ្នំ​ដែល​បាន​ឡើង​ជា​អង្គ​ចេតិយ​ហើយ អ្នក​ណា​មួយ​ទៅ​ជាន់ រំលង​ ឬ​រំលាយ​មុន​គេ​ផ្សឹក​ទុក​ត្រូវ​ទទួល​បាប។
ផ្សឹក​វាលុក​ចេតិយ។

ក្រោយ​ពី​ការ​ធ្វើ​កិច្ច​សព្វ​គ្រប់​ហើយ លោក​អាចារ្យ​សូត្រ​បួង​សួង និង​ថ្វាយ​គ្រឿង​សក្ការ​ដល់​អស់​ទេវតា ព្រះ​យមរាជ​ដែល​តែងតែ​ត្រួតត្រា​មើល​ការ​ខុស​ត្រូវ​ដល់​មនុស្ស​លោក ដើម្បី​សុំ​ខមាទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ទាំង​ឡាយ​កន្លង​មក ដោយ​ការ​អនុគ្រោះ​សុំ​ឱ្យ​ផ្ដាច់​កម្ម ផ្ដាច់​ពៀរ និង​សុំ​សេចក្ដី​សុខ​ចំរើន​ត​រៀង​ទៅ។ បន្ទាប់​មក​លោក​អាចារ្យ​បាន​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ដែល ចែក​ឋាន​ទៅ​ មាន​មាតាបិតា​ជីដូន ជីតា​ព្រម​ទាំង​ញាតិ​មិត្ត​ទាំង​អស់​ផង។

ថ្ងៃ​បន្ទាប់ ពុទ្ធ​បរិស័ទ​មក​ជួប​ជុំ​គ្នា លោក​អាចារ្យ​ចាប់​ដំណើរ​ការ​ថ្វាយ​បង្គំ​ព្រះ​សមាទាន​សីល​នៅ​ធម្ម​សាលា។ បន្ទាប់​មក​គេ​នាំ​គ្នា​រាប់​បាត្រ​បន្ត​ហូរហែ ទាល់តែ​អស់​អ្នក​ដែល​មាន​សទ្ធា។ នៅ​ពេល​បញ្ចប់​ការ​រាប់​បាត្រ គេ​បាន​កាន់​ទៀន ធូប ផ្កា​គ្រប់​ដៃ​ទៅ​កាន់​ភ្នំ​ខ្សាច់។ អាចារ្យ​ចាប់ផ្ដើម​ពិធី​នៅ​ចំពោះ​ភ្នំ​ខ្សាច់ ដូច​កាល​ពី​ល្ងាច​ម្ដង​ទៀត។ ជាមួយ​គ្នា​នេះ​ដែរ ព្រះសង្ឃ​សូត្រ​ពុទ្ធ​មន្ត​ប្រសិទ្ធិពរ​ជ័យ​សិរីមង្គល​នៅ​ធម្មសាលា។

អាចារ្យ​បាន​បន្ត​ពិធី​នៅ​ខាង​ក្រៅ​មុខ​ភ្នំ គឺ​ឆ្លង​បុណ្យ ហើយ​ធ្វើ​កិច្ច​ផ្សឹក​ភ្នំ​វិញ​ដោយ​ពោល​ថា​៖​ «អិមំ​វាលុក​ចេតិយំ​បច្ចក្ខាមិ» ប្រែ​ថា៖ «ខ្ញុំ​ផ្សឹក​ឥលូវ​នេះ​នូវ​វាលុក​ចេតិយ​នេះ​ចេញ» គឺ​លែង​ប្រកាន់​ថា​ ជា​ចេតិយ​ទៀត​ហើយ អ្នក​ណា​រំលាយ​ក៏​គ្មាន​បាប​ដែរ។ គេ​នាំ​គ្នា​ចូល​ធម្មសាលា​ដើម្បី​វេរ​ភត្ត​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់។ ពេល​រសៀល គេ​ជួប​ជុំ​គ្នា​ដើម្បី​នមស្សការ​ថ្វាយ​បង្គំ​ព្រះ និង​អរតនា​ព្រះសង្ឃ​សម្ដែង​ធម្ម​ទេសនា។ កម្មវិធី​ជា​បន្ត គេ​នាំ​គ្នា​សម្អាត​ព្រះពុទ្ធ​រូប ហើយ​បាច​ផ្កា បាញ់​ទឹក​អប់ ​(ស្រង់​ព្រះ)។ នេះ​ជា​ពិធី​តាម​បែប​សាសនា។

អត្ថន័យ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​និយម​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ទី១៣ មេសា (យូរៗ ម្ដង ថ្ងៃ​ទី​១៤ ) ត្រូវ​នឹង​ខែ​ចេត្រ តាម​ចន្ទគតិ។ ខ្មែរ​កំណត់​យក​ពេល​បុណ្យ ចូល​ឆ្នាំ​ថ្មី ខែ​មេសា (ខែចេត្រ) នេះ ពី​ព្រោះ​ខែ​ចេត្រ ជា​ដើម​ឆ្នាំ​ដែល​ព្រះអាទិត្យ​ចូល​កាន់​មេរាសី គឺ​ព្រះអាទិត្យ​ដើរ​ចំ​ពី​លើ​ក្បាល ជា​សង្ក្រាន្ត​។ តាម​ប្រពៃណី ខ្មែរ​និយម​រៀបចំ​ចូលឆ្នាំ ចំនួន​៣​ថ្ងៃគឺ​៖ ថ្ងៃ​ទី​មួយ ជា​ថ្ងៃ​ចូល​ឆ្នាំ ថ្ងៃ​ទី​ពីរ​ ជា​ថ្ងៃ​វារៈវ័នបត ថ្ងៃ​ទី​បី​ជា​ថ្ងៃ​វារៈ​ឡើង​ស័ក។

​​ខ្មែរ​មាន​ជំនឿ​ថា ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​នៃ​ការ​រស់នៅ គេ​តែង​ជួប​ប្រទះ​អពមង្គល​ ឧបទ្រព​ចង្រៃ​ផ្សេងៗ​ ជួន​កាល​មាន​ទុក្ខសោក ជួន​កាល​មាន​គ្រោះ​អាសន្ន​អន្ធ​ក្រ ជួន​កាល​មាន​គ្រោះ​ជំងឺ​រួតរឹត​រាងកាយ ជូន​កាល​ទៀត បាន​ប្រព្រឹត្ត​អំពើ​សៅហ្មង​មិន​គប្បី។​ លុះ​ផុត​ឆ្នាំ​ចាស់​ទៅ គេ​នាំ​គ្នា​ធ្វើ​បុណ្យ​ គេ​ស្លៀកពាក់​ថ្មីៗ គេ​នាំ​គ្នា​ដើរ​លេង​កម្សាន្ត ដើម្បី​ឱ្យ​អស់​កង្វល់ ហើយ​ឱ្យ​មាន​សិរី​សួស្ដី ​មាន​សុភមង្គល​នៅ​ក្នុង​ឆ្នាំ​ថ្មី។

ម្យ៉ាង​ទៀត រយៈពេល​មួយ​ឆ្នាំ​ដែល​គេ​បាន​បែក​ចេញ​ពី​គ្រួសារ និង​ញាតិ​មិត្ត​ដែល​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​ឆ្ងាយ​ៗ លុះ​ដល់​ឆ្នាំ​ថ្មី គេ​បាន​វិល​មក​ជួប​ជុំ​គ្នា សូរ​សុខ​ទុក្ខ​គ្នា ដើម្បី​បន្ធូរ​បន្ថយ​ការ​នឹក​រលឹក​ និង​បំបាត់​ការ​នឿយ​ហត់​ពី​ការងារ​ផង រួច​ទើប​បន្ត​ជីវភាព​ថ្មី​នៅ​ក្នុង​ឆ្នាំ​ថ្មី ប្រកប​របរ​ដោយ​ជោគជ័យ​ និង​អាយុ​យឺនយូរ។

អត្ថន័យ​ម្យ៉ាង​ទៀត ស្ថិត​នៅ​ត្រង់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី គឺ​ជា​ប្រពៃណី​មួយ​អាច​បណ្ដុះ​ស្មារតី​ស្រឡាញ់​រាប់អាន​គ្នា​រវាង​អ្នក ស្រុក​ព្រៀងលាន ជា​កត្តា​បង្កើត​សាមគ្គី​ភាព​ជាតិ។ ហេតុ​នេះ​ហើយ ទើប​នៅ​ពេល​នោះ គេ​មិន​ត្រឹម​តែ​ជួបជុំ​គ្នា​ក្នុង​គ្រួសារ​ប៉ុន​នោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើ​ បុណ្យ​នៅ​វត្ត​អារាម​ទៀត​ ដែល​ជា​មជ្ឈមណ្ឌល​បង្កើត​សាមគ្គីភាព។ ដោយសារ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ មាន​អត្ថន័យ​ធំធេង​យ៉ាង​នេះ​ហើយ ទើប​ខ្មែរ​យើង​និយម​រាប់​អាន​ទុក​ជា ប្រពៃណី​ជាតិ​មួយ តាំង​ពី​ដើម​រហូត​មក៕

ចប់
1 Members
open Society
Recent Discussions
No discussions yet.
Administrators
savun *
savun