×

Penana
search
Loginarrow_drop_down
Registerarrow_drop_down
Please use Chrome or Firefox for better user experience!
Teacher Lover...
Teacher Lover...
Teacher Lover...
ដឹង​ខ្លួន​មក​វិញ មេឃ​ភ្លឺ​ស្រាងៗ​ទៅ​ហើយ។
ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ គ្មាន​អ្វី​ដែល​មិន​ចាំ​នោះ​ទេ។
ខ្ញុំ​វែក​មុង​ដែល​កាល​ពី​ក្បាល​ល្ងាច ​ស៊ុបទ្រុប​គួរ​ឱ្យ​ឆ្អន់​នោះ​ទាំង​ហូស​ចិត្ត ដែល​ខ្ញុំ​បាន​ដេក​គេច​មូស​ពេញ​មួយ​យប់​ក្នុងនេះ។
ឱន​ពាក់​ស្បែក​ជើង ខ្ញុំ​ឮ​សំឡេង​គាត់​គ្រហែម។ ចិត្ត​ខ្ញុំ​រេរា​ណាស់ បន្តិច​ចង់​ខឹង​ដែល​គាត់​លុបចោល​វិជ្ជាការ​របស់ខ្ញុំ តែ​អរ​ដែរ​ដែល​គាត់​ពូកែ​អាចជួយ​ខ្ញុំ​មិនឱ្យ​មាន​រឿង​បាន។
«គេ​លែង​ស្លាប់​ហើយ​មែន​ទេ​តា?»

គាត់​ដើរ​មក​អង្អែល​ក្បាល​ខ្ញុំ​ដោយ​គ្មាន​ក្រែង​ចិត្ត ហើយ​និយាយ​ស្អក៖
«អា​ចៅ​ឯង​ក៏​មិន​អី​ដែរ!»
«តើ​ខ្ញុំ​បាន​គេ​ទេ?»
ខ្ញុំ​សួរ​សំណួរ​នេះ បើ​ប៉ះ​អ្នក​ធម្មតា​ៗ​ច្បាស់​ជា​មិន​យល់​ន័យ​ងាយ​ឡើយ តែ​ខ្ញុំ​ជឿ​ថា​គាត់​យល់។ តា​អាចារ្យ​មិន​នៅ​ទេ មាន​តែ​យើង​ពីរ​នាក់ គាត់​ឡើង​អង្គុយ​គែម​គ្រែ ហើយ​អត់ធ្មត់​ពន្យល់​ខ្ញុំ៖
«ចៅ​ឯង​រូប​ប៉ុណ្ណឹង​ដែរ ខ្លាច​ខ្វះ​អី​ត្រឹម​ស្រី​ស្រលាញ់?»
«តែ​ខ្ញុំ​ស្រលាញ់​តែ​គេ​ប៉ុណ្ណោះ ខ្ញុំ​មិន​ត្រូវការ​ស្រី​ណា​ទេ!»
«អ៊ីចឹង​តស៊ូ​ទៅ! តស៊ូ​ដូច​មនុស្សម្នា​ទៅ! ត្រូវមាន​ជំនឿ​ចិត្ត ត្រូវ​មាន​ការ​ព្យាយាម និង​មាន​វិធី​ជាម​នុស្ស​លើ​ដី​ដូច​គេ​ឯង! អាគម​ស្នេហ៍​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​ជីវិតម្នាក់​ៗ​ទេ! ចៅ​ឈឺ​ចាប់​គ្រប់គ្រាន់​ហើយ​មែន​ទេ?»

ខ្ញុំ​ងាក​សម្លឹង​គាត់។ គាត់​សមតែ​ជា​ទស្សនវិទូ ជា​ជាង​ជា​អ្នកលេង​មន្តអាគម។ ហើយ​ខ្ញុំ​សួរ​គាត់៖
«អ៊ំ​ជា​អ្នកចេះ​ច្រើន​អ៊ីចឹង មាន​ប្រពន្ធ​ទេ?»
គាត់​គ្រវីក្បាល។
ខ្ញុំ​រៀប​ចេញ គាត់​ឃាត់​ថា៖
«នៅ​ធ្វើ​ពិធី​មួយ​ជាន់​ទៀត! ថ្ងៃ​ត្រង់​បាន​ចប់​សព្វ​គ្រប់​អា​ចៅ!»
ចេញ​ពី​នោះ ខ្ញុំ​ស្រូត​ទៅ​ពេទ្យ តែ​គេ​ប្រាប់​ថា នាង​ចេញ​ទៅ​ផ្ទះ​ទៅ​ហើយ។
ខ្ញុំ​ឆ្ងល់​ណាស់​ថា ហេតុ​អ្វី​ប្រញាប់​ម្ល៉េះ?

ខ្ញុំ​រៀបចំ​ខ្លួន​ងូតទឹក ហើយ​ប្រញាប់​ចេញ​ទៅ​រក​គូ​ដណ្តឹង​ទាំង​បុក​ពោះ​ភ័យ។
មន្តអាគម​គ្រប់​យ៉ាង​របស់​ខ្ញុំ​ត្រូវ​បាន​លុបចោល​រលាយ​សូន្យ​ពី​លោក​នេះ​ទៅ​ហើយ តើ​នាង​នៅ​មាន​និស្ស័យ​ស្នេហ៍​នឹង​ខ្ញុំ​ទៀត​ដែរ​ទេ?
«ខ្ញុំ​អត់​មាន​ឈឺ​អី​ទេ​មីង! កុំ​យក​របស់​អ៊ីចឹង​មក​ឱ្យ​ខ្ញុំ​ញ៉ាំ បើ​ខ្ញុំ​ឃ្លាន ខ្ញុំ​ធ្វើ​ខ្លួនឯងបាន!»
សំឡេង​គេ​លាន់​មក​តាម​ប្រលោះ​ទ្វារ​បន្ទប់។
ខ្ញុំ​ដឹង​ថា​អាការៈ​គេ​ដូរ ទោះបី​មិនទាន់​ជួប​មុខ​គ្នា តែ​ខ្ញុំ​នៅ​ទ្រឹង​ពិបាក​ចិត្ត ពេល​អ្នក​បម្រើ​ដក​ថយ​ចេញ​មក។
ខ្ញុំ​នៅ​ស្ងៀម​បន្តិច​ទើប​រុញ​ទ្វារ​ចូល ហើយ​និយាយ៖
«កាច​ម៉េះ​ប្រពន្ធ​បង?»

នាង​ភ្ញាក់ ហើយ​ងាក​ក្រោយ​ធ្មឹង​សម្លឹង​ខ្ញុំ។
សាច់​ស្មា​នាង​ស​ហ្មត់​ក្រោម​អាវ​វាល​ខ្សែ​តូចៗ ត្រូវ​នាង​ប្រញាប់​ទាញ​កន្សែង​មក​គ្រប​បាំង។
នាង​គ្មាន​អារម្មណ៍​ទុក​ខ្ញុំ​ជាម​នុស្ស​សំខាន់​ដូច​មុន​ទេ ខ្ញុំ​ដឹង​តាម​ញាណ​មួយ តែ​ខ្ញុំ​ប្រឹង​ចូល​ទៅ​ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង។
«មិន​សប្បាយ​ចិត្ត?»
ខ្ញុំ​សួរ​តិចៗ គេ​តប​មក​វិញ​តិច​ៗ​ដែរ៖
«មាន​ឯ​ណា?»
«តោះ​ទៅ​ដើរ​លេង​អ្ហី?»
«ខ្ញុំ​ណាត់​មិត្តភ័ក្ដិ គេ​មក​ដល់​ឡូ​វហើយ​បង!»

ខ្ញុំ​នៅ​ភ្លឹក​ម្តង​ៗ​ដែល​ឮ​នាង​និយាយ​ធ្វើ​ហី​បែប​នេះ។ ខ្ញុំ​គិត​ថា នាង​មិនដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​ផ្ទះ​យូរណាស់​មកហើយ ពេលនេះ​នាង​ក៏​មិន​ចាំ​ដែរ​ថា ខ្លួនឯង​ទន់​ខ្សោយ មាន​ជំងឺ​ទើប​នឹង​ជា​ពី​ក្អួត​ឈាម?
ខ្ញុំ​ពិបាកចិត្ត​ណាស់ តែ​មិន​ហ៊ាន​បង្ហាញ។ យ៉ាង​ហោច​ណាស់ ឱ្យ​តែ​នាង​នៅ​ចាំ​បាន​ថា ខ្ញុំ​នេះ​ជា​គូ​ដណ្តឹង​ទៅ​គឺ​គ្រប់គ្រាន់​ពេក​ទៅ​ហើយ។
«ខឹង​ដែល​បងអត់​បាន​ទៅ​ទទួល​នៅ​ពេទ្យ?»
«អត់​ទេ! បង​ឯង​កុំ​សាំញ៉ាំ​មើល​តែ​ខ្ញុំ​ហ្នឹង​កូនក្មេង​មើល៍!»
ខ្ញុំ​នៅ​ស្ងៀម ហើយ​ដឹងថា​មិន​សម​ទេ បើ​នាង​ក្លាយជា​មិន​ស្រលាញ់​ខ្ញុំ នាង​ប្រាកដ​ជា​ប្រកាន់​ដែល​ខ្ញុំ​ហ៊ាន​ឡើង​មក​បន្ទប់​នាង។
ខ្ញុំ​អស់​អី​និយាយ ក៏​ថយ​ចេញ​ពី​បន្ទប់​វិញ​ទាំង​តឹង​ទ្រូង។

ពេល​អង្គុយ​អាន​សៀវភៅ​នៅ​ក្រោម ខ្ញុំ​ចាំ​មើល​ប្រតិកម្ម​ម្តាយ​គេ ពេល​កូន​ស្រី​គាត់​រត់​ចុះ​មក​ចូល​ឡាន​មិត្ត​ភ័ក្ដិ​គេ។
ម្តាយ​គេ​បាន​ត្រឹម​មើល​មុខ​ខ្ញុំ​ស្រងូត ប្រហែល​ជា​កូន​គាត់​ឈឺ​ប្លែក​ៗ​ពេក គាត់​លែង​ហ៊ាន​ឃាត់​នាង។
ខ្ញុំ​ខំ​ញញឹម​បញ្ជាក់​នឹង​គាត់​ថា ខ្ញុំ​អាច​អត់ធ្មត់​បាន ហើយ​បន្ត​អង្គុយ​ចាំ​នាង​ដល់​កប់​ព្រលប់ នៅ​តែ​មិន​ឃើញ​នាង​មក​ផ្ទះ។ ខ្ញុំ​នឹកឃើញ​ដល់​អាវ​ខ្សែ​តូច​របស់​នាង ចុះ​បើ​អ្នក​ណា​ម្នាក់​មាន​បំណង​អាក្រក់ តើ​គិត​យ៉ាង​ណា?

ខ្ញុំ​ចាក​ចេញ​មក​ទាំង​បើក​ឡាន​រេ​ចុះ​ឡើង គ្មាន​ដឹង​ទី​ណា​ជា​ទី​ណា​ទេ។
ស្នេហ៍​ខ្ញុំ​លែង​នៅ​នឹង​នាង​ហើយ តើ​ខ្ញុំ​នៅ​ចចេស​រៀបការ​ជាមួយ​នាង ឬ​បណ្តោយ​ឱ្យ​នាង​មាន​ជីវិត​ពិត​របស់​នាង​តាម​ព្រហ្ម​លិខិត​ទៅ?
ខ្ញុំ​ចុះ​ផឹក​ស្រា​ម្នាក់​ឯង។
ស្រា​ជា​ត្រណម​ដ៏​ធំ​ក្នុង​ជីវិត​អ្នកលេង​របៀនអាគម​អូមអាម។ ពេល​នេះ​ខ្ញុំ​ខ្លួន​ទទេ​ហើយ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ផឹក​ឱ្យ​ដេក​ដួល​យ៉ាង​មាន​សេរីភាព​ទៅ?
ខ្ញុំ​ផឹក​ហើយ​ផឹក​ទៀត ប៉ុន្តែ​មិន​ដួល​ស្រវឹង​សោះ។ តាម​ពិត​ខ្ញុំ​មិន​ដែល​ផឹក​ពិត​មែន តែ​ឧកញ៉ា​ម្ចាស់​រូប​នេះ​ប្រាកដ​ជា​កំពូល​អ្នក​ផឹក​មិន​ខាន បាន​ជា​ក្រពះ ពោះវៀន​រាងកាយ​ស៊ាំ​មិន​ងាយ​ដួល​សោះ?

ខ្ញុំ​បើក​ឡាន​ម្នាក់​ឯង​កណ្តាល​យប់​វិញ​ មក​ផ្ទះ​ទាំង​សើច​ដូច​មនុស្ស​ឆ្កួត។ សូម្បីតែ​រូបរាង​ក៏​មិនមែន​ជា​របស់​ខ្លួន​ឯង​ផង តើ​ខ្ញុំ​ចង់​យក​អី​ទៅ​ទាក់​ឱ្យ​ស្រី​ស្រលាញ់?
នៅ​ផ្លូវ​ម្ខាង ខ្ញុំ​ឃើញ​ពួកគេ​នៅ​មុខ​ក្លឹប។
គឺ​តា​រាវី ស្រី​ដែល​ខ្ញុំ​ស្រលាញ់​ស្ទើរ​លេប។
នាង​ប្រាកដ​ជា​កំពុង​សៅហ្មង​ដូច​ខ្ញុំ​ដែរ​ហើយ បាន​ជា​មិន​ចូល​ផ្ទះ ហើយ​ចូល​បន្ត​ច្រើន​ដំណាក់​តាម​ផ្លូវ។
ខ្ញុំ​ថយ​ឡាន​អែប ហើយ​បង្ហាញ​ខ្លួន។
ពួកគេ​សុទ្ធតែ​ជា​ស្រី​ក្មេងៗ​កូន​អ្នក​មាន បែរ​មើល​មក​ខ្ញុំ ហើយ​ខ្លះ​កេះ​គេ។
«គូ​ដណ្តឹង​ឯង​អ្ហ៎?»
គេ​ងា​កមក​មើល​ខ្ញុំ​ភ្លាម ហើយ​គេ​ឈប់​ញញឹម។

គេ​ស្អាត​ណាស់ ធ្វើ​ឱ្យ​មុខ​ខ្ញុំ​កាន់​តែ​ស្មើ ព្រោះ​ស្តាយ​គេ ហើយ​នឹក​កាល​ដែល​គេ​ធ្លាប់​ឱប​តោង​ក​ខ្ញុំ។
ភ្នែក​គេ​បញ្ជាក់​ណាស់​ថា វត្តមាន​ខ្ញុំ​កំពុង​ធ្វើ​ឱ្យ​គេ​មួម៉ៅ។
តែ​ខ្ញុំ​ចចេស​ហៅ​តិចៗ៖
«ទៅ​ផ្ទះ​អត់? បង​ជូន​ទៅ!»

គេ​ក្រពាត់​ដៃ​ក្រញូវ មាន​ន័យ​ថា​មិន​ទៅ តែ​ក៏​មិន​ចង់​តតាំង​ឱ្យ​ខ្ញុំ​អាប់​មុខ។
ខ្ញុំ​អត់ធ្មត់ ធ្វើ​មុខ​សុភាព ហើយ​មិត្តភ័ក្ដិ​គេ​យល់​ការ​ក៏​រុញ​រហូត៖
«ទៅ! ទៅ​ផ្ទះ​ជាមួយ​បង​ដេវីដ​ទៅ!»
គេ​ហៅ​ឈ្មោះ​ខ្ញុំ ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ខ្លួន។
ខ្ញុំ​វិលវល់​មិន​ដឹង​ថា តា​រាវី​ស្អប់​ខ្ញុំ ឬ​ស្អប់​ឧកញ៉ា​ដេវីដ​ឱ្យ​ប្រាកដ​ទេ។
គេ​ដើរ​ស្ងាត់ស្ងៀម​ទៅ​រក​ឡាន តែ​ខ្ញុំ​ដឹង​ថា គេ​កំពុង​ខឹង​គ្រាន់តែ​ចរិត​គេ គេ​មិន​បញ្ចេញ​កំហឹង​មក​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ។

គ្រាន់តែ​ចូល​មក​ដល់​ក្នុង​ឡាន​កាល​ណា នាង​រអ៊ូ​សង្កត់​ពាក្យ៖
«ខ្ញុំ​ស្អប់​ណាស់ អ្នក​ណា​ដែល​មក​តាមដាន​ខ្ញុំ!»
«បង​ឃើញ​អូន​ចៃដន្យ​ទេ!»
ខ្ញុំ​នេះ​ប្រញាប់​បក​ស្រាយ​ភ្លាម ហើយ​ចេញ​ឡាន​ទៅ។
«ខ្ញុំ​ស្អប់​បំផុត​អ្នក​ដែល​ចង់​គ្រប់គ្រង​សេរីភាព​ខ្ញុំ!»
«ថា​បង​គ្មាន​ចេតនា​ទេ តែ​បង​ជិះ​តាម​នេះ!»
«ធំ​ស្រា​ហួង!»
«បង​សុំទោស!»
«កុំ​មក​សុំទោស​ខ្ញុំ! បង​ឯង​ទម្លាប់​អី ធ្វើ​ហឹ្ន​ង​ទៅ! ខ្ញុំ​ក៏​ចង់​ទម្លាប់​អី ធ្វើ​ហ្នឹង​ដូចគ្នា!?»

ខ្ញុំ​ងាក​សម្លឹង​កែវ​ភ្នែក​រលោង​របស់​គេ ព្រោះ​ខ្ញុំ​អន់​ចិត្ត​ដែល​គេ​លែង​មក​ល្អូកល្អិន​ឱប​ខ្ញុំ​ដូច​មុន។
«កើត​អី​មក​ថា​ឱ្យ​បង​ច្រែត​ៗ?»
គេ​នៅ​ស្ងៀម​បន្តិច តែ​ក៏​តប​មក​វិញ៖
«បង​ឯង​ចូល​មក​ដណ្តឹង​ខ្ញុំ មិន​ដឹង​ថា​ខ្ញុំ​ជា​មនុស្ស​បែប​ហ្នឹង​ទេ? មក​ប្រកាន់​ធ្វើ​អី?»
«ចុះ​ក្រែង​យើង​ព្រម​យក​បង ដឹង​ថា​បង​ចូលចិត្ត​ផឹក​ដែរ?»
ខ្ញុំ​ឌឺ​វិញ។
«បង​ឯង​ដាក់​ស្នេហ៍​ខ្ញុំ​ទេ​ដឹង?»

ខ្ញុំ​របូត​ដៃ​ម្ខាង​ពី​ចង្កូត​ឡាន និមិត្ត​តែ​ឮ​ពាក្យ​នេះ។
ពេល​អស់​ពី​ភាំង ខ្ញុំ​បែរ​ទៅរក​នាង ឃើញ​នាង​ធ្វើ​ព្រងើយ ដូចជា​និយាយ​លេង តែ​ខ្ញុំ​រអៀស​ខ្លួន ហើយ​លោត​បេះដូង​ដូច​សន្ធឹក​ឡានក្រុង។
ឡាន​បត់​ចូល​ផ្ទះ​នាង​ដោយ​គ្មាន​អ្នក​ណា​និយាយ​អ្វី​ទៀត​ទេ។
ទំនាក់​ទំនង​យើង​ខ្សោយ​ដល់​ក្រោម​សូន្យ តាំង​ពី​ថ្ងៃ​ទីមួយ​ទៅ​ហើយ តើ​ឱ្យ​ខ្ញុំ​សង្ឃឹម​អ្វី?
«ផឹក​ទៀត​ហើយ​អ្ហី​កូន?»
ម្តាយ​ខ្ញុំ​ចាំ​ទ្វារ​ខ្ញុំ។ គាត់​បារម្ភ​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ឡើង​វិញ​ថា ខ្លួន​ឯង​ជា​អ្នក​ណា មាន​កាតព្វកិច្ច​អ្វី។ ខ្ញុំ​សម្លឹង​គាត់​ទាំង​អាណិតអាសូរ។
«ម៉ាក់​មិន​ទៅ​សម្រាន្ត?»
«ហ៊ឹម! អនាគត​ម៉ែ​ក្មេក​ឯង​ខល​មក​និយាយ​សុំទោស​យើង​ច្រើន​រឿង​ណាស់ តែ​គាត់​ថា​ឱ្យ​អត់​ធ្មត់! រឿង​ដែល​គួរ​ឱ្យ​សប្បាយ​ចិត្ត​គឺ តារាវី​កាច​បន្តិច​មែន ប៉ុន្តែ​នេះ​ជា​រូប​នាង​ពិត​ៗ នាង​ជា​១០០​ភាគរយ​ហើយ គាត់​ថា​នេះ​ជា​ចរិត​ដើម​របស់​នាង!»

ខ្ញុំ​ញញឹម​ចំអក​ឱ្យ​ខ្លួនឯង។
អត់​ធ្មត់​អី? ពី​ស្រី​ម្នាក់​ដែល​ឃើញ​យើង​ពេល​ណា​ឱប​ក​យើង ថើប​គ្នា​មិន​ចេះ​ណាយ​មក​ជា​មនុស្ស​ផ្សេង ឃើញ​មុខ​គ្នា​ដូច​ជា​សត្រូវ​សួរ​ពូជ?
ខ្ញុំ​និយាយ​ទៅ​កាន់​ម្តាយ​ខ្ញុំ៖
«ចុះ​បើ​ពេល​នេះ គេ​ជា​ដូច​ដើម គេ​លែង​ត្រូវការ​យើង គេ​ចង់​បាន​ភាព​ជា​អ្នក​នាង​កូន​ទោល​ទំនើង​វិញ គេ​លែង​ចង់​រៀបការ ម៉ាក់​គិត​ម៉េច?»
«មិន​ដល់​ថ្នាក់​ហ្នឹង​ទេ​អ្ហី​កូន?»

គាត់​និយាយ​អ៊ីចឹង តែ​គាត់​បារម្ភ​ណាស់ មើល​លើ​ទឹក​មុខ​ដែល​សម្លឹង​មក​ខ្ញុំ។
ខ្ញុំ​បន្លប់​ទុក្ខសោក ហើយ​ឱប​គាត់៖
«ម៉ាក់! កូន​នឹង​នៅ​ថែទាំ​ម៉ាក់ ទោះ​មានរឿង​អី​ក៏ដោយ បើ​ស្រី​អ្នក​មាន​នោះ គេ​ភ្លេច​យើង ក៏​ភ្លេច​ចុះ! ម៉ាក់​អាច​រស់​ដោយ​មិន​យក​ប្តី​បាន កូន​ក៏​រស់​មិន​យក​ប្រពន្ធ​បាន​ដូច​គ្នា​ណា៎​ម៉ាក់!»

ខ្ញុំ​និយាយ​ដូច្នេះ​មែន តែ​ចិត្ត​ខ្ញុំ​ផ្សារ​ឈឺ​សែន​ឈឺ។ ខ្ញុំ​ស្រលាញ់​គេ​ពេក​ហើយ ពិសេស​ពេល​ដែល​គេ​ចេញ​ចរិត​ពិត​មក ខ្ញុំ​ក៏​កាន់​តែ​ស្រលាញ់​គេ តែ​គេ​ប្រហែល​ជា​មិនមែន​កំពុង​លេប​បាយ​អួល​ដូច​ខ្ញុំ​ទេ​មើល​ទៅ។
«គេ​មាន​អី​អស្ចារ្យ​ទៅ? មាន​ស្អី​លើស​យើង? ហើយ​បើ​កុំ​តែ​បាន​រាសី​កូន​ប្រុស​ម៉ាក់ គេ​បាន​ជា​វិញ​ដែរ​ទេ?»
ខ្ញុំ​ស្រងូត គាត់​លូកដៃ​ទ្រ​ថ្ពាល់​ខ្ញុំ។
«ស្រីៗ​មួយ​គំនរ! ចាំ​មើល បើ​នាង​នោះ​នៅ​តែ​កោង ម៉ាក់​ទៅ​ដណ្តឹង​កូន​អ្នកធំ​ជាង​ប៉ា​គេ​នោះ​ទៅ​ទៀត ឱ្យ​កូន​ល្អ​របស់​ម៉ាក់!»

ខ្ញុំ​សើច ហើយ​ថើប​ថ្ពាល់​គាត់។
«បាន! សម្រាក! កូន​អត់​ត្រូវ​ការ​ទេ​ម៉ាក់! តែ​កូន​ស្រី​អ្នក​ធំ​ម្នាក់​ហ្នឹង គ្រាំ​ពេក​ហើយ​ម៉ាក់!»
ខ្ញុំ​លើក​ដៃ​រឹត​ទ្រូង​លេង​សើច ហើយ​លា​គាត់​ចូល​គេង ធ្វើ​ដូច​ជា​កំប្លុកកំប្លែង គ្មាន​រឿង​អ្វី​កើត​ឡើង។ តែ​ខ្ញុំ​ដឹង​ច្បាស់​មួយ​យប់​នេះ ខ្ញុំ​នឹង​ស្រមៃ​តែ​ដៃ​គេ​ថ្នម​ខ្ញុំ មាត់​គេ​ថើប​ខ្ញុំ ហើយ​និង​រាងកាយ​សិច​ស៊ី​ផុន​គេ​ដែល​ខ្ញុំ​មិន​អាច​ធ្មេច​លក់​ទេ​មើល​ទៅ។
«បង​នឹក​អូន​ណាស់​វី!»
ខ្ញុំ​ឆាត​ទៅ​គេ។ គេ Seen ប៉ុន្តែ​មិន​ឆ្លើយ។
ខ្ញុំ​មិនបាន​ធ្វើ​អី​ខុស​ទេ តែ​គេ​ប្រហែល​ជា​គ្មាន​ស្នេហា​មក​លើ​ខ្ញុំ​សូម្បី​តែ​បន្តិច​ណា។
«ស្រលាញ់​បង​ជានិច្ច​ណា៎!»
ខ្ញុំ​សរសេរ ហើយ​ស្រក់​ទឹកភ្នែក ស្រាប់តែ​គេ​បិទ​ឆាត។
រាត្រី​សោកសៅ​របស់ខ្ញុំ​កន្លង​ទៅ​យូរ​សែន​យូរ ទល់​ព្រឹក​ឡើង​ទើប​ខ្ញុំ​បាន​គេង​លក់។ គឺ​លក់​ដល់​ថ្ងៃ​ចាំង​គូទ។

ដឹង​ខ្លួន​មក​វិញ ខ្ញុំ​មិន​ចង់​ក្រោក​ទេ គឺ​ចង់​នៅ​ដំអក់​ទីនេះ ដើម្បី​គេច​ពី​ពិភពលោក​ផ្លាស់ប្តូរ​មិន​ទៀងទាត់​មួយ​នេះ។
«កូន​វីដ​ស្លៀកពាក់​ទៅ​ដើរ​លេង!»
ខ្ញុំ​ធ្វើ​មិនឮ។ ម្តាយ​ខ្ញុំ​រុញ​ទ្វារ​ចូល ហើយ​បន្ថែម​វាចា៖
«ប្រយ័ត្ន​ឪពុក​ម្ដាយ​ក្មេក​ចាំ!»
ខ្ញុំ​បើកភ្នែក​ខ្វាក​មក​វិញ ព្រោះ​ខ្ញុំ​ភ្ញាក់ផ្អើល។
«តោះ​កូន! ទៅ​ដើរលេង​ពីរ​គ្រួសារ​យើង ឱ្យ​ស្គាល់ចិត្ត​គ្នា!»

មាន​អ្វី​គួរឱ្យ​សប្បាយចិត្ត​ជាង​នេះ​ទៀត​ទៅ ដែល​ត្រូវ​ទៅ​កំពង់សោម​ជា​មូយ​គ្រួសារ​ខាង​គេ?
ខ្ញុំ​ញញឹម​ក្រោក​ឡើង ហើយ​រៀបចំ។
គ្រប់​យ៉ាង​រៀបរយ​ហើយ។ ទៅ​ដល់​មុខ​ផ្ទះ​គេ បេះដូង​ខ្ញុំ​លោត​ចច្រប់។
ខ្ញុំ​រេ​ភ្នែក​រក​មើល​គេ ឃើញ​គេ​កំពុង​នៅ​ក្បែរ​ឡាន រៀប​ប្រអប់​ម្ហូប​ទុក​ដាក់​ជាមួយ​អ្នក​បម្រើ។

គេ​មុខ​ស្រពោន តែ​អាវ​គេ​វិញ ស្រស់​ស្អាត​ដូច​កុមារី។
«ទៅ​ហៅ​ប្អូន​មក​អង្គុយ​ឡាន​ជាមួយ​ទៅ​កូន! ម៉ាក់​ទៅ​ជិះ​ឡាន​វែង!»
ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ប្រញាប់​ចត​ឡាន រួច​ចូល​ទៅ​ក្បែរ​គេ ជួយ​លើក​នេះ​ លើក​នោះ​ដាក់។
គេ​មិន​និយាយ​ស្ដី តែ​ក៏​មិន​បាន​គេច​ពី​ខ្ញុំ​ដែរ។
«យប់មិញ​គេង​លក់​ស្រួល​អត់?»
«អត់​ទេ!»
គេ​ឆ្លើយ​ស្រទន់ តែ​ចិត្ត​ខ្ញុំ​ស្តាប់​មិន​ស្រណុក។ ខ្ញុំ​ធ្វើ​ជា​និយាយ៖
«មិន​បាច់​នឹក​បង​ពេក​ក៏​បាន!»
គ្រាន់តែ​ខ្ញុំ​ចំអន់​លេង​សោះ គេ​ក៏​រអ៊ូ​ខឹង៖
«កុំ​លេង​ដូច​ក្មេង! មិន​ចូលចិត្ត​ទេ!»
ថា​ហើយ គេ​ដូរ​ទៅ​អង្គុយ​ឡាន​១២​កៅអី​ជាមួយ​ចាស់ៗ​ចោល​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំ​លើក​វ៉ាលិស​ទៅ​ទីនោះ​អង្គុយ​ពីក្រោយ​ខ្នង​គេ។

កញ្ចឹងក​គេ​នៅ​ភ្នែក​ខ្ញុំ ខ្ញុំ​នឹក​ដល់​គ្រា​រួមរស់​ស្នេហា​ដែល​គេ​ខ្លួន​ឯង​ប្រហែល​ភ្លេច​បាត់​ទៅ​ហើយ។
ចិត្ត​ខ្ញុំ​តឹង​ណែន ធ្វើ​អី​ក៏​ខុស ធ្វើ​អី​ក៏​ខុស នៅ​ស្ងៀម​លែង​និយាយ​ហ្មង​ទៅ​ល្អ​ជាង។
គេ​ចុច​ទូរ​សព្ទ​លេង​ចុះ​ឡើង​ទាំង​មុខ​ក្រញូវ ម្តាយ​គេ​លួច​មើល​ខ្ញុំ​ជានិច្ច ប្រហែល​ស្ញប់ស្ញែង​ឧកញ៉ា​ធ្លា្លក់​ខ្លួន​ដូច​ខ្ញុំ​ដែល​ទ្រាំ​នឹង​នាង​បាន។ ចុង​ក្រោយ​គាត់​ខ្លួនឯង​ទេ​ដែល​ទ្រាំ​លែង​បាន ហើយ​បញ្ជា៖
«កូន​វី! ឈប់​លេង​ទូរ​សព្ទ និយាយ​លេង​ជាមួយ​បង​ទៅ!»
គេ​បិទ​ទូរ​សព្ទ ហើយ​ធ្វើ​មុខ​ក្រញូវ ធ្វើ​ឱ្យ​ពេល​ដែល​គេ​ងាក​មក​ទុក​ដាក់​វា ក៏​ខុស​កាបូប ជ្រុះ​លើ​ឡាន។

ខ្ញុំ​ឱន​រើស​ឱ្យ ក៏​ឱន​ប៉ះ​តំណាល​គ្នា ដល់​ថ្នាក់​ឮ​ដង្ហើម​នាង និង​ប្រទះ​ភ្នែក​នាង​ដែល​មើល​មក​ខ្ញុំ។
នាង​មើល​ទៅ​កើត​ទុក្ខ​ទោសៈ​នឹង​ខ្ញុំ​ខ្លាំង​ណាស់។
ពេល​ឈប់​ឡាន​ញ៉ាំ​បាយ ពួក​យើង​អង្គុយ​បែក​តុ​គ្នា។ ដូច្នេះ​ខ្ញុំ​ដឹង​ថា នាង​មិន​ស្រលាញ់​ខ្ញុំ ហើយ​ថែម​ទាំង​ស្អប់​ផង។ ខ្ញុំ​ចាក​ចេញ​មក​អង្គុយ​តុ​មួយ​ឆ្ងាយ​ពី​គេ​ក្រោម​ដើម​ឈើ មិន​ចង់​ឱ្យ​អ្នក​ណា​មើល​ដឹង​ពី​ភាព​អាណោចអាធ័ម​សម្រាប់​ខ្លួន​ឯង​ដែល​ខ្ញុំ​កំពុង​តែ​មាន។
ប្រហែល​ជា​ម្តាយ​នាង​ថា​ឱ្យ បាន​ជា​ពេល​គាត់​នាំ​នាង​ឱ្យ​មក​អង្គុយ​ទល់​មុខ​ពីរ​នាក់​ខ្ញុំ នាង​ធ្វើ​មុខ​ក្រញូវ។

នាង​នៅ​នឹង​មុខ​ខ្ញុំ មិន​និយាយ​ស្អី​សោះ រហូត​ដល់​គេ​លើក​ម្ហូប​មក ក៏​នាង​ចាប់ផ្តើម​ហូប​ឱ្យ​ឆាប់​ចប់។

កៅស៊ូ​មួ​យស​សៃ​ក្នុង​ស្លាបព្រា​នាង នាង​មើល​មិន​ឃើញ ហើយ​បម្រុង​លេប។
ខ្ញុំ​និយាយ​ឃាត់៖
«មាន​កៅស៊ូ! ប្រយ័ត្ន!»
នាង​សម្លឹង​ទាំង​ក្រញូវ តែ​នាង​មានះ​ធ្វើ​មិន​ឮ​សម្តី​ខ្ញុំ ហើយ​លើក​វា​ដាក់​មាត់​ទាំង​បំពាន។
តើ​នាង​ស្អប់​ខ្ញុំ​ដល់​ថ្នាក់​នេះ​មែន​ទេ ដែល​មិន​ព្រម​ទទួល​សូម្បីតែ​ជំនួយ​ខ្ញុំ ហើយ​សុខ​ចិត្ត​លេប​កៅស៊ូ?

ខ្ញុំ​អស់​កម្លាំង​រលីង ហើយ​និយាយ​ដាក់​នាង​ទាំង​ក្ដៅក្រហាយ៖
«ឃើញ​កៅស៊ូ​អត់?»
នាង​មានះ​ខាំ​មាត់ មុន​ពេល​ត្របាក់​វា ធ្វើ​ឱ្យ​ខ្ញុំ​យារ​ទៅ​ទះ​របូត​ស្លាបព្រា​ជ្រុះ​ទៅ​ម្ខាង។
ទ្រូង​ខ្ញុំ​ហត់​គឃូស ព្រោះ​ការ​អត់ធ្មត់ តែ​នាង​ចាប់ផ្តើម​យំ​សម្លក់​ខ្ញុំ​យ៉ាង​ឈឺចាប់។
វា​គ្រប់គ្រាន់​ហើយ​សម្រាប់​ការ​គ្រាំ​ចិត្ត។ ខ្ញុំ​សម្លឹង​តប​នាង​វិញ​ទាំង​បញ្ចេញ​ពេញ​ទំហឹង​នូវ​ការ​ឈឺចាប់​ដូច​គ្នា។
នាង​សម្លឹង​ខ្ញុំ​អស់​ចិត្ត ក៏​បម្រុង​ច្រត់​ដៃ​ក្រោក តែ​ខ្ញុំ​និយាយ​បាន​មុន៖
«មិន​ពេញ​ចិត្ត​ទេ ផ្តាច់​ពាក្យ​ទៅ!»
នាង​អង្គុយ​វិញ​ប៉ុក ហើយ​ភាំង។

ខ្ញុំ​ប្រិច​ភ្នែក​ដែល​ល្អក់ ព្រោះ​ភាព​ខូចចិត្ត។
ដៃ​ខ្ញុំ​ចាប់​វង់ចិញ្ចៀន ធ្វើ​ឱ្យ​នាង​យំ​គគ្រូក​តែ​ម្តង។
ចិត្ត​ខ្ញុំ​មិន​យល់។
នាង​ធ្វើ​ដូច​ចិត្ត​ស្លាប់ ពេល​នៅ​ក្បែរ​ខ្ញុំ ដូច្នេះ​ខ្ញុំ​ចង់​ឱ្យ​នាង​សប្បាយ​ចិត្ត ខ្ញុំ​មាន​តែ​ធ្វើ​អ៊ីចឹង?
ខ្ញុំ​ច្បូត​ចិញ្ចៀន ឯ​នាង​បិទ​ភ្នែក​សន្សឹមៗ ហើយ​ផ្ងារ​ក្រោយ។

…..សាជាថ្មី… ដំណើរ​កម្សាន្ត​ត្រូវ​ខូចការ ព្រោះ​នាង​ត្រូវ​ចូល​ពេទ្យ។ ដែល​គ្រាន់បើ​ជាង​មុន​គឺ នាង​មិន​បាន​ក្អូ​ត​ឈាម តែ​នាង​សន្លប់​ស្លេក​ងាំង។
ខ្ញុំ​នៅ​កំដរ​នាង​រហូតដល់​យប់​ជ្រៅ លក់​មួយ​ភាំង ទម្រាំ​នាង​រង្គើ​ទើប​ខ្ញុំ​ដឹង​ខ្លួន។
នាង​ក្រោក ហើយ​ចាប់​ដៃ​ខ្ញុំ​ជាប់ សម្លឹង​រកមើល​ចិញ្ចៀន​ខ្ញុំ ពេល​ខ្ញុំ​មិងមាំង។
«បង​ឯង​កុំ​ចង់​លែង​ខ្ញុំ ទៅ​ការ​ជាមួយ​នាង​ម្នាក់​នោះ!»

ខ្ញុំ​សើងមម៉ើង ហើយ​សម្លឹង​ទឹក​ភ្នែក​នាង ខ្ញុំ​ខ្សឹប​សួរ៖
«នាង​ណា? បង​មាន​តែ​វី​ម្នាក់​ទេ!»
នាង​កាន់តែ​គ្រវីក្បាល​យំ។ ខ្ញុំ​គិត​ចុះ​ឡើង ហើយ​ងើប​មុខ​ឃើញ​ខ្លួន​ឯង​នៅ​ក្នុង​កញ្ចក់។ ទើប​នឹង​នឹក​ឃើញ​ថា ខ្លួន​ឯង​នៅ​ក្នុង​ស្រោម​ឧកញ៉ា​ព្រាននារី​នោះ។ តើ​តា​រាវី​ស្អប់​ខ្ញុំ​មួយ​រយៈ​នេះ​មក​ពី​រឿង​ស្នេហា​របស់​ឧកញ៉ា​ដេវីដ​មែន​ទេ?
«កាល​ខ្ញុំ​នៅ​ពេទ្យ​ម្សិលម្ង៉ៃ ស្រី​ម្នាក់​ឈ្មោះ​អាកា​មក​រក​ខ្ញុំ ហើយ​ប្រាប់​ថា មិន​ឱ្យ​ខ្ញុំ​ការ​ជាមួយ​បង​ឯង​ទេ! គេ​ថា​បង​ឯង​ស្រលាញ់​តែ​គេ បើ​ការ​ហើយ បង​ឯង​បក​ទៅ​រក​គេ គេ​មិន​ធានា​ទេ ព្រោះ បាន​មក​ប្រាប់​រួច​ហើយ!»

ខ្ញុំ​អរ​ទាំង​ពិបាក​ចិត្ត​លាយឡំ។ អរ​ដែល​នាង​មិន​បាន​ស្អប់​ខ្ញុំ ពេល​មន្តអាគម​រលាយ។ អរ​ដែល​នាង​ប្រចណ្ឌ តែ​ពិបាក​ចិត្ត​ដែល​ត្រូវ​មក​ដោះស្រាយ​រឿង​រញ៉េរញ៉ៃ​អៀនខ្មាស​នេះ។
ខ្ញុំ​ខ្សឹប​សួរ​បន្ត៖
«ប៉ា​ម៉ាក់​អូន​ជ្រាប​ទេ?!»
«ពេល​ស្រី​នោះ​មក ម៉ាក់​នៅ​ហ្នឹង!»
«អូយ! ហើយ​គាត់​ខឹង​បង​ណាស់​មែន​ទេ?»
នាង​នៅ​ស្ងៀម​ធ្វើ​មុខ​មាំ តែ​ខ្ញុំ​និយាយ​បន្ត៖
«តែ​ពេល​ដើរ​លេង​ព្រឹក​មិញ មើល​ទៅ​ពួក​គាត់​គ្មាន​ខឹង​បង​អី​បន្តិច​ទេ!»
គេ​ងាក​មុខ​ចេញ​វិញ ហើយ​និយាយ​ដោយ​ស្រពោន៖
«ពួក​គាត់​ថា ប្រពន្ធ​ផ្សេង សង្សារ​ផ្សឹ​ង! តែ​ខ្ញុំ​វិញ​យល់​ថា បង​ឯង​ជា​ព្រាននារី!»
«អ៊ីចឹង​បាន​អ្នក​ខ្លះ​ទៅ​ចូល​បារ ហើយ​ចង់​លេប​កៅស៊ូ​ទៀត?»
«ចុះ​អ្នក​ណា​ប្រើ​បង​ឯង​ចង់​ផ្តាច់​ពាក្យ​ជាមួយ​ខ្ញុំ?»
«ពេលនោះ​បង​មាន​ទាន់​ចង់​ផ្តាច់​ពី​អង្កាល់?»
«នាង​នោះ​និយាយ​ថា បង​ឯង​ប្រុង​ផ្តាច់​ពាក្យ!»

«ហើយ​គេ​និយាយ​ភរ​សោះ ជឿ​គេ​ឡើង​ចង់​ស្លាប់​ខ្លួន?»
«ខ្ញុំ​ជឿ​បង​ឯង​ពេក​នោះ​ហើយ បាន​ជា​ចង់​ស្លាប់​ខ្លួន​ដូច្នេះ!»
«ជឿ​ម្ដង​ទៀត​ទៅ! ចាំ​បង​ទៅ​ដោះស្រាយ!»
ស្អែក​ឡើង ខ្ញុំ​នាំ​គេ​ទៅ​ជួប​សង្សារ​របស់​ឧកញ៉ា​ដេវីដ។
គ្រាន់តែ​ខ្ញុំ​ចុច​កណ្តឹង ក៏​មាន​អ្នក​មក​បើក​ទ្វារ​ភ្លាម។ ទ្វារ​របើក ស្រី​ក្មេង​ស៊ីវិល័យ​ម្នាក់​ហក់​មក​ឱប​ក​ខ្ញុំ​យ៉ាង​សិចស៊ី ធ្វើ​ឱ្យ​ខ្ញុំ​ស្រឡាំងកាំង។

«បង​ឯង​ខាន​មក​យូរ​ហើយ ថ្លៃ​អាផាតមែន​ក៏​មិន​បង់?!»
ខ្ញុំ​នៅ​ស្ងៀម​បន្តិច តែ​ដៃ​គេ​នោះ​របូត​សន្សឹម​ៗ ប្រហែល​ជា​ឃើញ​តារាវី​បង្ហាញ​ខ្លួន​ពី​ក្រោយ​ខ្នង​ខ្ញុំ។
ទឹក​មុខ​នារី​សិច​ស៊ី​ទៅ​ជា​សម្លក់​ខឹង​សម្បារ ហើយ​បែរ​មក​រក​ខ្ញុំ​គំហក​ស្រួយស្រែស៖
«ពេល​យក​ខ្ញុំ បង​ឯង​ថា ហាម​ខ្ញុំ​មាន​ប្រុស ហាម​មនុស្ស​ប្រុស​ឡើង​មក​ទីនេះ អា​ឡូវ​បង​ឯង​ក៏​មិន​ត្រូវ​នាំ​ស្រី​ឡើងមក​ដែរ!»
ខ្ញុំ​មិនទាន់​ហា​មាត់​ថា​យ៉ាង​ណា​រួច តា​រាវី​និយាយ​ទាំង​ខឹង៖
«នាង​ឯង​ថា​អ្នក​ណា​ស្រី?!»
ស្រី​កា​តប​វិញ​មិន​បង្អង់៖
«អ្ហូ? អ៊ីចឹង​នាង​ឯង​ខ្ទើយ​ទេ?»

តារាវី​កាន់តែ​ខឹង នាង​ងាក​មក​បង្គាប់​ខ្ញុំ៖
«ប្រាប់​នាង​នេះ​ទៅ ថា​បង​ឯង​គិត​យ៉ាង​ម៉េច?»
ខ្ញុំ​ងាក​ទៅ​រក​នារី​លេង​ខ្លួន​ម្នាក់​នោះ។ នាង​ការ​ពិត​ជា​មនុស្ស​មិន​ធម្មតា​មែន ព្រោះ​នាង​កំពុង​សំញែង​ព្រមាន​ខ្ញុំ​ដោយ​សម្តី៖
«បង​ឯង​ហ៊ាន?»
«ស្អី​ទៅ​មិន​ហ៊ាន?»
តារា​វី​លូក​មាត់​មក ស្រាប់តែ​អាកា​សម្លក់​ខ្ញុំ ហើយ​និយាយ៖
«រូប​បង​ឯង​ស្រាត នៅ​នឹង​ខ្ញុំ​ទាំងអស់!»
ខ្ញុំ​បះ​សក់​ច្រូង។

ឱ​ព្រះ​អើយ គេ​ថា​មិន​អាច​រើស​កន្លែង​កើត​បាន ចំណែក​ខ្ញុំ​ស្ថានភាព​ពិត​របស់ខ្ញុំ គឺ​រើស​សំបក​ខ្លួន​មនុស្ស​ភ្លេច​មើល​ប្រវត្តិ?
ចប់​ហើយ។
តារាវី​សម្លក់​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច ក៏​លេប​ទឹក​មាត់​និយាយ៖
«កុំ​ជឿ!»
តារាវី​ងាក​មុខ​មក​វិញ ហើយ​និយាយ​ដាក់​អាកា៖
«យក​ចេញ​មក! ហើយ​ចង់​បាន​ប៉ុន្មាន? និយាយ​ថ្លៃ​ទៅ!»
អាកា​ក្រពាត់​ដៃ ហើយ​និយាយ​ទាំង​សើច​ឌឺ៖
«គេ​ថា​ពួក​ស្រី​អ្នកមាន​ពូកែ​ណាស់​អា​រឿង​យកលុយ​ទិញ​ប្រុស! ដឹងអី​មែន!»

តារាវី​យារ​ដៃ​ទៅ​រក​អាកា ប៉ុន្តែ​អាកា​វិញ នាង​ហាក់​ស្ទាត់​ខាង​ការពារ​ខ្លួន​ពី​ការ​ទះ​កំផ្លៀង​ណាស់ ដូច្នេះ​ហើយ បានជា​សង​មក​វិញ​ទាន់ ដោយ​ចាប់​ដៃ​តារាវី​បាន ហើយ​រុញ​តារាវី​ទម្លាក់។

អ្នក​ទាំង​ពីរ​ចំណាយពេល​ប្រទាញប្រទង់​គ្នា​ចុះ​ឡើង ធ្វើ​ឱ្យ​ខ្ញុំ​ស្ទុះ​ចូល​ទៅ​ទាញ​បណ្តាច់ តែ​អកុសល​ពេល​ដៃ​របូត អាកា​ខ្លួន​ឯង​ត្រូវ​ខ្ទាត​ទៅ​ប៉ះ​បង្កាន់​ដៃ​ជណ្តើរ ហើយ​ធ្លាក់​វ៉ឺ​ទៅ​ក្រោម។
ហេតុ​អី? មួយ​ប៉ប្រិច​ភ្នែក ខ្ញុំ​បាន​សម្លាប់​មនុស្ស?

ខ្ញុំ​ឃើញ​ស្រមោល​អាកា​ក្រោក​ឡើង ហើយ​ដើរ​ទៅ​រក​ទ្វារ ឧកញ៉ា​ដេវីដ​រង់ចាំ​ទទួល​នាង​នៅ​មាត់​ទ្វារ។
ខ្ញុំ​អស់​វិជ្ជា​សិល្ប៍​ហើយ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​អាច​មើល​ឃើញ​វិញ្ញាណ ឬ​មួយ​ខ្ញុំ​ស្លាប់​ទៀត​ហើយ?
មិន​មែន​ទេ គឺ​ខ្ញុំ​យល់សប្តិ។
គ្រប់​យ៉ាង​គឺ​គេ​ឱ្យ​ខ្ញុំ​ឃើញ?
ខ្ញុំ​ក្រោក​មក​វិញ​ទាំង​ដង្ហក់​ភ័យ ហើយ​ឃើញ​ខ្លួនឯង​ក្នុង​មន្ទីរពេទ្យ។

តា​រាវី​ដឹង​ខ្លួន ហើយ​នាង​បើក​ភ្នែក​ធំៗ​ប៉ុន​ពងមាន់​មើល​មក​ខ្ញុំ។
«បង​ឯង​កុំ​ចង់​លែង​ខ្ញុំ​ទៅ​ការ​ជាមួយ​នាង​ម្នាក់​នោះ!»
ខ្ញុំ​សើងមម៉ើង ហើយ​សម្លឹង​ទឹកភ្នែក​នាង ខ្ញុំ​ខ្សឹប​សួរ៖
«នាង​ណា? បង​មានតែ​វី​ម្នាក់​ទេ!»
អូយ! ចុះ​ម៉េច​ក៏​ប្រតិកម្ម​ខ្ញុំ​ដូចជា​អ្វីដែល​ខ្ញុំ​បានឃើញ​ក្នុង​យល់សប្តិ​មិញ​នេះ​ម៉េះ?
នាង​ចាប់​ផ្តើមនិយាយ៖
«កាល​ខ្ញុំ​នៅ​ពេទ្យ​ម្សិលម្ង៉ៃ ស្រី​ម្នាក់​ឈ្មោះ​អាកា​មក​រក​ខ្ញុំ ហើយ​ប្រាប់​ថា មិន​ឱ្យ​ខ្ញុំ​ការ​ជាមួយ​បង​ឯង​ទេ! គេ​ថា​បង​ឯង​ស្រលាញ់​តែ​គេ បើ​ការ​ហើយ បង​ឯង​បក​ទៅ​រក​គេ គេ​មិន​ធានា​ទេ ព្រោះ បាន​មក​ប្រាប់​រួចហើយ!»

ខ្ញុំ​ញ័រ​មាត់​ត​តា​ត់ ហើយ​ឆ្លើយ៖
«អូខេ! បង​ដឹង! បងខុស! តែ​បង​ស្រលាញ់​តែ​ដារាវី​ទេ! យើង​ឆាប់​រៀបការ​ទៅ ហើយ​ទៅ​នៅ​ស្រុក​ក្រៅ​តែ​ពីរ​នាក់!»

ខ្ញុំ​ឃើញ​ឧកញ៉ា​ដេវីដ​នៅ​ក្បែរ​បង្អួច។
ខ្ញុំ​ដឹង​ហើយ គឺ​គេ​នេះ​ដែល​បាន​មក​បន្លាច​ខ្ញុំ កំញើញ​ខ្ញុំ​នៅ​ក្នុង​យល់សប្តិ​មុន​នេះ។
ខ្ញុំ​ទប់​ចិត្ត​និយាយ​លួង​តារា​វី៖
«សំងំ​គេង​សិន​ទៅ​ប្រពន្ធ​សម្លាញ់! បង​មាន​ការ​ទូរសព្ទ​ទៅ​កន្លែង​ធ្វើការ​បន្តិច!»
ខ្ញុំ​ចេញមក​ដល់​របៀង​មន្ទីរពេទ្យ ហើយ​ហៅ​រក​ដេវីដ៖
«ចេញ​មក​អាចោរ!»
គេ​នោះ​បង្ហាញខ្លួន​លើ​មែក​ឈើ អែប​របង​ដោយ​មុខស្ងួត។

ខ្ញុំ​សួរ​ទាំង​ខឹង៖
«បុណ្យ​ឧទ្ទិស​ធ្វើ​ឱ្យ​រួចហើយ វិជ្ជា​គុន​រំលាយ​ចោល​អស់​ហើយ ចង់​យក​ស្អី​ទៀត? និយាយ​មក!»
ឧកញ៉ា​និយាយ​ទាំង​ស្រពោន៖
«អ្ហែង​ជួយ​អញ​ចុង​ក្រោយ​ម្ដង​ទៀត​ទៅ​អា៎្ហ! អាកា​ស្លាប់​ហើយ! វា​គ្មាន​បង​ប្អូន​ទេ អាណិត​វា​ឧទ្ទិស​កុសល​ឱ្យ​វា​បាន​ជួប​អញ​ផង​ទៅ!»
ខ្ញុំ​បើក​ភ្នែក​ធំៗ ពេល​ឧកញ៉ា​រលាយ​បាត់​ទៅ​តាម​ខ្យល់។

បន្ទាប់​ពី​នោះ ទើប​ខ្ញុំ​ដឹង​ថា តាម​ពិត​អាកា​ស្លាប់​ដោយសារ​ខ្យល់​គរ​កាល​ពី​ព្រឹក​មិញ ពេល​កំពុងតែ​ដូរ​ស្បែក​ក្នុង​ហាង​សាឡន។
ខ្ញុំ​ទាក់ទង​មិត្ត​នាង ហើយ​ឱ្យ​លុយ​រៀបចំ​ធ្វើបុណ្យ​ឱ្យ​នាង​ផងដែរ។
ក្រោយ​បុណ្យ​៧​ថ្ងៃ ខ្ញុំ​បាន​នាំ​តារាវី​ទៅ​អុជ​ធូប​ដើម្បី​អហោសិកម្ម​ជាមួយ​គ្នា។
ចេញ​មក​វិញ​តាម​ផ្លូវ ខ្ញុំ​ក្រឡេកឃើញ​របង​វត្ត​ដដែល​នោះ ក៏​នឹក​ដល់​ព្រះគ្រូ​សង្ឃរាជ។

ស្អែក​ឡើង ខ្ញុំ​ជិះ​មក​សួរ​សុខទុក្ខ​ព្រះគ្រូ​តែឯង នាំមក​នូវ​ចង្ហាន់​បិណ្ឌបាត​ផង។
ព្រះ​គ្រូ​បាន​ញញឹម ហើយ​ផ្តាំ​ខ្ញុំ​ថា៖
«អស់​កម្ម​ពៀរ​ហើយ! តែ​ផ្លូវ​ជីវិត​មាន​ភាព​រដាក់រដុប​ដែល​គ្រប់គ្នា​ត្រូវ​ជួប​ឆ្លងកាត់​ខាន​មិន​បាន!ជា​ធម្មតា មានតែ​មេត្តាធម៌ អំពើ​ល្អ និង​សេចក្តី​ល្មម​គ្រប់គ្រាន់​តែប៉ុណ្ណោះ ដែល​ជា​គ្រឿង​អាច​ប្រយុទ្ធ​ដើម្បី​ឧបសគ្គ​ជីវិត​បាន! ឈប់​ស្រមៃ​ពី​រឿង​អាគម​អ្វី​អស់ទាំងនោះ​ទៅ!»

ចប់
1 Members
open Society
Recent Discussions
savun
If I STAY...
7 years ago
1
Administrators
savun *
savun